អំពីស្ថាប័ន

បេសកកម្ម មុខងារទូទៅ និងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលជាតិ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ បន្ទាប់ពី ការរួមបញ្ចូលគ្នានៃកម្មវិធីអេដស៍ជាតិ (NAP) និងគ្លីនិកជាតិសើស្បែកនិងកាមរោគ។ គោលបំណងចម្បងរបស់មជ្ឈមណ្ឌលជាតិ គឺដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគអេដស៍ / ជំងឺអេដស៍ តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តក្នុងទប់ស្កាត់ការឆ្លង មេរោគអេដស៍ / ជំងឺអេដស៍។

១.បេសកកម្មរបស់មជ្ឈមណ្ឌលជាតិ
២.មុខងារទូទៅរបស់មជ្ឈមណ្ឌលជាតិ
៣.រចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលជាតិ
៤.កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍និងកាមរោគខេត្ត

បេសកកម្មរបស់មជ្ឈមណ្ឌលជាតិ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងជំងឺកាមរោគ (NCHADS) គឺជា សេនាធិការរបស់ក្រសួងសុខាភិបាល ជាមួយនឹងការទទួលខុសត្រូវក្នុងការផ្ដល់អនុសាសន៍និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់សេវាសុខាភិបាល ក្នុងការឆ្លើយតបចំពោះ មេរោគអេដស៍/ជំងឺអេដស៍ ក៏ដូចជាជំងឺកាមរោគផងដែរ។ តាមរយៈការគ្រប់គ្រងកម្មវិធីនៃការផ្តល់សេវា សុខភាពដែលមានប្រសិទ្ធិភាព គឺធ្វើការដើម្បី:

– កាត់បន្ថយហានិភ័យនៃផលប៉ះពាល់នៃជំងឺកាមរោគនិងមេរោគអេដស៍
– កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍
– ផ្ដល់ការថែទាំ និងការគាំទ្រសម្រាប់អ្នកដែលឆ្លងមេរោគ


មុខងារទូទៅរបស់មជ្ឈមណ្ឌលជាតិ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងការគ្រប់គ្រងជំងឺកាមរោគ(NCHADS) គឺជាអង្គភាពប្រតិបតិ្តការ នៃក្រសួង​សុខាភិបាល។ មជ្ឈមណ្ឌលជាតិបានផ្ដល់នូវការអភិវឌ្ឍន៍គោលនយោបាយលើវិស័យសុខភាពសម្រាប់ ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ និងជំងឺកាមរោគ គ្រប់គ្រងកម្មវិធី ការគាំទ្រថ្នាក់ខេត្ត និងការសម្របសម្រួលជាមួយដៃគូផ្សេងទៀតនៅក្នុងវិស័យសុខាភិបាល ការអភិវឌ្ឍន៍គោលការណ៍ណែនាំ​​ សម្រាប់សមាសភាពមេរោគអេដស៍/ជំងឺអេដស៍ រៀបចំផែនការអភិបាលថ្នាក់ជាតិ និងការវាយតម្លៃ នៃអេពីដេមីសាស្រ្ត ឥរិយាបទនិង​​ប្រសិទ្ធិភាពការបង្ការ និងការថែទាំជំងឺកាមរោគ/មេរោគអេដស៍/ជំងឺអដស៍។ស្របនឹងយុទ្ធសាស្ដ្រ សម្របសម្រួលនៃអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍(NAA)និងការធ្វើការក្នុងភាពជាដៃគូជាមួយគ្រប់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នម្ចាស់ ជំនួយ និងមន្ទីរសុខាភិបាលខេត្ដ។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងការចំណាយរបស់កម្មវិធី និងមូលនិធិរដ្ឋាភិបាលដែលបានអនុម័តជាមុន ដោយយោងតាមផែនការយុទ្ធសាស្រ្តរបស់អង្គភាពនីមួយៗ។ បន្ទាប់មកមជ្ឈមណ្ឌលត្រូវធ្វើ ការត្រួតពិនិត្យ និងមើលសាឡើងវិញនូវភាំខុសគ្នាទៅនិងផែនការអនុវត្ត ដើម្បីទទួលយកនូវសកម្មភាពនោះមករៀបចំ អនុវត្តទៅតាមកន្លែងណាដែល ចាំបាច់ដើម្បីសម្រេចទិសដៅរបស់មជ្ឈមណ្ឌល។
លើសពីនេះទៀត មជ្ឈមណ្ឌលជាតិ មានតួនាទីទទួលខុសត្រូវក្នុងការគ្រប់គ្រង គ្លីនិកជាតិសើស្បែក និងកាមរោគផងដែរ។


រចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលជាតិ

រចនាសម្ពន្ធ័ របស់មជ្ឈមណ្ឌលបានឆ្លុះបញ្ចាំង ពីបេសកកម្មរបស់ខ្លួន មានរៀបរាប់យ៉ាងលម្អិតនៅក្នុងអង្គការលេខនេះ ។ រចនាសម្ព័ន្ធនេះបានប្រតិបត្តិតាមការអនុវត្តរបស់ក្រសួងសុខាភិបាល ដោយបែងចែកជាការិយាល័យបច្ចេកទេស ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ។ ការគាំទ្របច្ចេកទេស និងសេវា មានទំនាក់​ទំនងទៅ នឹងការទទួលខុសត្រូវរបស់មជ្ឈមណ្ឌល។ បន្ទាប់ពីមានការផ្ដល់នូវការត្រួតពិនិត្យហិរញ្ញវត្ថុនិងរៀបចំដំណើរការរដ្ឋបាល​រួមទាំងការផ្គត់ផ្គង់ និងការងារលទ្ធកម្ម។


កម្មវិធីប្រយុទនឹងជំងឺអេដស៍ និងកាមរោគខេត្ត (PASP)

កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគខេត្ត (PASP) គឺជាអង្គភាពមួយ ក្នុងអង្គភាពត្រួតពិនិត្យជំងឺឆ្លង, ដែលស្ថិតនៅក្រោមការិយាល័យបច្ចេកទេស ក្នុងមន្ទីរសុខាភិបាលខេត្ត។ កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគខេត្ត(PASP)មានតួនាទីទទួលខុសត្រូវក្នុងការធ្វើផែនការ ការគ្រប់គ្រង ការសម្របសម្រួល និងរាយការណ៍អំពីការអនុវត្ដន៍ កម្មវិធីអេដស៍/ជំងឺអេដស៏ និងជំងឺកាមរោគ ដែលស្ថិតនៅក្រោមគោលការណ៍យុទ្ធសាស្រ្ត​រួម និងការសម្របសម្រួលរបស់មជ្ឈមណ្ឌលជាតិ ។ កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគខេត្ត មានតួនាទីទទួលខុសត្រូវ លើការគ្រប់គ្រងការចំណាយប្រាក់ និងទូទាត់ មូលនិធិ ដែលបានផ្តល់ដោយមជ្ឈមណ្ឌលជាតិ សម្រាប់ការអនុវត្ដសកម្មភាពផ្សេងៗ។
លើសពីនេះទៀត កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគខេត្ត គ្រប់គ្រង IEC, CUMEC, POT, គ្លីនិកសុខភាពគ្រួសារ STI និងសេវាការផ្ដល់ប្រឹក្សាធ្វើតេស្តឈាមរក មេរោគអេដស៍ដោយស្ម័គ្រចិត្តនិងរក្សាការសម្ងាត់ (VCCT) នៅក្នុងខេត្ដ ​និងផ្ដល់ការគាំទ្រ​ដល់ស្រុកប្រតិបត្តិសម្រាប់សកម្មភាពផ្សេងៗទៀត។

បុគ្គលិកនៅថ្នាក់ខេត្ត ត្រូវបានបែងចែកសកម្មភាពតាមបែបវិមជ្ឈការ ក្នុងការគ្រប់គ្រង និងការអនុវត្តរបស់ បុគ្គលិក (កន្លែងព្យាបាល និងស្រុកប្រតិបត្តិ)។​ ចំនួនបុគ្គលិក ដែលធ្វើការ ក្នុងកម្មវិធីនៅតាមខេត្តនីមួយៗ គឺអាស្រ័យលើចំនួនតួលេខនៃសេវា ដែលមានដូចជា (គ្លីនិកកាមរោគ,VCCT ការថែទាំបន្ត) ចំនួននិងកម្រិត នៃការវាយតម្លៃហានិភ័យ របស់ស្រុកប្រតិបត្តិ នៅក្នុងខេត្ត (ស្រុកប្រតិបត្តិ ដែលមានហានិភ័យខ្ពស់ និងស្រុកប្រតិបត្តិដែលមានហានិភ័យទាប) និងវិសាលភាពនៃការគ្របដណ្តប់ នៃសកម្មភាពដែលត្រូវបានដាក់ ដោយកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគខេត្ត ។