សារនាយកមជ្ឈមណ្ឌលជាតិ
សាររបស់នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ

ខ្ញុំសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ចំពោះការប្រើប្រាស់គេហទំព័រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេសដ៍ សើស្បែក និងកាមរោគ។
គេហទំព័ររបស់មជ្ឈមណ្ឌលជាតិ បានផ្តើមដំណើរការនៅឆ្នាំ២០០៦ដែលបានផ្សព្វផ្សាយនូវព័ត៌មាននិង ទិន្នន័យជាច្រើនដែលផ្តោតលើការងារគ្រប់គ្រងកម្មវិធីបង្ការ ថែទាំព្យាបាលជំងឺអេដស៍ ជំងឺកាមរោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពត៌មានទាំងអស់នេះគឺជាព័ត៌មានផ្លូវការដែលទទួលបានពីការអង្កេតជាប្រចាំ (Routine Surveillance: HSS,BSS,SSS) របាយការណ៍របស់កម្មវិធីជាតិ (Routine Reporting System) ការសិក្សាស្រាវជ្រាវ តាមបែបបទវិទ្យាសាស្រ្ត និងប្រពន័្ធព័ត៌មានជាផ្លូវការរបស់អង្គការជាតិ និង អន្តរជាតិផង។
ទន្ទឹមនឹងនេះព័ត៌មានស្តីពីសកម្មភាពរបស់ផ្នែកជំនាញនានានៃមជ្ឈមណ្ឌលជាតិត្រូវបានធើ្វបច្ចុប្បន្នភាពរៀងរាល់ខែផងដែរ។ ក្នុងឱកាសនេះខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបាន ចូលរួមផ្តល់ពត៌មាន និងទិន្នន័យដល់គេហទំពរ័របស់មជ្ឈមណ្ឌលជាតិ ហើយខ្ញុំសូមសំដែងនូវជំនឿ ជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបន្តផ្តល់នូវព័ត៌មាននឹងទិន្នន័យដល់គេហទំព័រនេះ។
ខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្រើប្រាស់គេហទំព័ររបស់ មជ្ឈមណ្ឌលជាតិដោយផ្តល់ផងដែរនូវមតិ និងអនុសាសន៍ក្នុងការកែលម្អនូវចំណុចខ្វះខាតនៃគេហទំព័រនេះ។ យើងខ្ញុំសូមស្វាគមន៍នូវរាល់មតិនិងអនុសាសន៍ទំាងអស់ដោយរីករាយនិងសូមថ្លែងនូវអំណរគុណទុកជាមុន។
វេជ្ជបណ្ឌិត លី ពេញស៊ុន
នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ